កាលបរិច្ឆេទ: ០៦ មេសា ២០២៣
ក្នុងចំណោមនិស្សិតចំនួន៣៩ក្រុមដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ Thnot d’Or ឆ្នាំ២០២៣ ចុងបញ្ចប់មានតែ៣៥ក្រុមប៉ុណ្ណោះដែលបានផ្ញើបទបង្ហាញសង្ខេបពីគម្រោងរបស់ខ្លួនក្រោមប្រធានបទ «ការបង្កើនគុណតម្លៃបន្ថែមនៃប្រហុក ជាពិសេសគឺដើម្បីធ្វើឲ្យប្រហុកក្លាយទៅជាផលិតផលនាំចេញ » ជូនគណៈមេប្រយោគត្រួតពិនិត្យ។
ក្រុមនិស្សិតទាំងនោះមកពីផ្នែកក្សេតសាស្រ្ត និងផ្នែកផលិតចំណីអាហារនៃគ្រឹះស្ថានឧត្តមសិក្សានានានៅកម្ពុជាដូចជាៈ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានសន្តប៉ូល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យមានជ័យ វិទ្យាស្ថានជាតិបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាកំពង់ឈើទាល។
មុនចូលឆ្នាំខ្មែរឈានមកដល់ គណៈមេប្រយោគត្រូវប្រកាសក្រុមចំនួន៩ដែលត្រូវបានជ្រើសរើសទៅវគ្គផ្តាច់ព័ត្រនៅខែកក្កដាខាងមុខ។
គណៈមេប្រយោគដែលមាន លោកហ្វីលីព ម៉ូណាំង លោកសុខ សារ៉ង លោកបណ្ឌិតអៃ សុងហៀង លោកហៃ ពិសី និងអ្នកស្រីអេឡែន អូប្រ៊ី ធ្វើការដាក់ពិន្ទុៈលើបទបង្ហាញទាំងនោះដោយផ្អែកទៅលើលក្ខខណ្ឌបីគឺ ភាពច្បាស់លាស់ ភាពអាចធ្វើបាន និងមានការច្នៃប្រឌិត។
នៅវគ្គផ្តាច់ព្រ័ត្រ ក្រុមនិស្សិតចំនួន៩ក្រុមនេះត្រូវធ្វើបទបង្ហាញផ្ទាល់មាត់ជាភាសាអង់គ្លេសយ៉ាងលម្អិតពីការងារស្រាវជ្រាវរបស់ខ្លួនលើផ្នែកបច្ចេកទេស និងត្រូវឆ្លើយសំណួររបស់គណៈមេប្រយោគផងដែរ។
គួររម្លឹកផងដែរថា ពានរង្វាន់ Thnot d’Or ត្រូវបានរៀបចំឡើងដោយមូលនិធិគីណាល់ ក្នុងបំណងជំរុញលើកទឹកចិត្តឲ្យមានគំនិតច្នៃប្រឌិតដល់និស្សិតមកពីសាកលវិទ្យាល័យនានានៅកម្ពុជាផ្នែកក្សេត្រសា្រស្ត និងវិទ្យាសាស្រ្តចំណីអាហារ។ ឆ្លើយតបនឹងគោលនយោបាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល មូលនិធិគីណាល់មានបំណងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍជនបទនៅកម្ពុជា តាមរយៈការលើកកម្ពស់វិស័យអប់រំផ្នែកកសិកម្ម ដើម្បីឲ្យយុវនិស្សិតខ្មែរក្លាយជាតួអង្គនៃការច្នៃប្រឌិតក្នុងវិស័យកសិកម្ម។
ប្រធានបទពានរង្វាន់ Thnot d’Or ឆ្នាំ២០២៣ ត្រូវបានជ្រើសរើសឡើង បន្ទាប់ពីមានការជជែកពិភាក្សាជាមួយក្រសួងកសិកម្មដែលជាដៃគូសហការរបស់មូលនិធិគីណាល់ក្នុងការរៀបចំពានរង្វាន់នេះ៕